ព្រះត្រៃបិដក ភាគ ៥២
ធម្មបទគាថា អត្តវគ្គ ទី១២
[២២] បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុក ក្នុងវ័យទាំង ៣ វ័យណាមួយ។
បណ្ឌិត គួរដម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹមប្រៀនប្រដៅអ្នកដទៃ ជាខាងក្រោយ (ធ្វើយ៉ាងនេះ) នឹងមិនលំបាកឡើយ។
បុគ្គលប្រៀនប្រដៅអ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបាន យ៉ាងនោះដែរ អ្នកដែលទូន្មានខ្លួនល្អហើយ ទើបគួរទូន្មានអ្នកដទៃបាន ព្រោះថា ខ្លួនកម្រទូន្មានបានពេកណាស់។
ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃជាទីពឹងដូចម្តេចបាន ព្រោះបុគ្គលអ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ។
បាប កើតអំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនធ្វើហើយ តែងញាំញីមនុស្សឥតប្រាជ្ញា ដូចពេជ្រសម្រាប់កាត់កែវមណី ដែលកើតអំពីថ្ម ដូច្នោះឯង។
ID: 636864808621100692
ទៅកាន់ទំព័រ៖