ព្រះត្រៃបិដក ភាគ ៥២
ពួកហង្ស តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមានឫទ្ធិ តែងហោះទៅក្នុងអាកាសដោយឫទ្ធិ អ្នកប្រាជ្ញផ្ចាញ់កិលេសមារ ព្រមទាំងវាហនៈ គឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញ ចាកលោកបាន។
បុគ្គលប្រព្រឹត្តកន្លង (ពាក្យសច្ចៈ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោកលះចោលហើយ ឈ្មោះថា មិនធ្វើអំពើបាប មិនមែនឡើយ។
បុគ្គល កំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ ជនពាលទាំងឡាយ មិនសរសើរទានឡើយ ចំណែកអ្នកប្រាជ្ញ តែងអនុមោទនាទាន ព្រោះហេតុនោះ លោកតែងបានសេចក្តីសុខ ក្នុងលោកខាងមុខ។
សោតាបត្តិផល ជាគុណជាតដ៏ប្រសើរ ជាងភាពនៃឯករាជ្យលើផែនដីផង ជាងដំណើរទៅកាន់ឋានសួគ៌ផង ជាងភាពជាធំ ក្នុងលោកទាំងមូលផង។
ចប់ លោកវគ្គ ទី១៣។
ធម្មបទគាថា ពុទ្ធវគ្គ ទី១៤
[២៤] ជ័យជំនះរបស់ព្រះពុទ្ធអង្គណា មិនត្រឡប់ចាញ់វិញ កិលេសណាមួយក្នុងលោក រមែងមិនជាប់តាមជ័យជំនះ របស់ព្រះពុទ្ធអង្គនោះ នាងទាំងឡាយនឹងប្រលោមព្រះពុទ្ធអង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្តេចកើត។
ID: 636864810833567238
ទៅកាន់ទំព័រ៖