ព្រះត្រៃបិដក ភាគ ៥២
ចិត្តនៃបុគ្គលណាដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរម្ភើបញាប់ញ័រ ១ ការមិនមានសេចក្តីសោក ១ ធូលី គឺរាគៈទៅប្រាសហើយ ១ ចិត្តក្សេមក្សាន្ត ១ នេះជាមង្គលដ៏ឧត្តម។
ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង នេះជាមង្គលដ៏ឧត្តមរបស់ទេវតា និងមនុស្សទាំងឡាយនោះ។
ចប់ មង្គលសូត្រ។
ខុទ្ទកបាឋ រតនសូត្រ
[៧] ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកជួបជុំក្នុងទីនេះ ពួកភូតទាំងអស់នោះ ចូរមានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ (នូវព្រះបរិត្ត) ចូរធ្វើនូវមេត្តាចិត្ត ដល់ពពួកសត្វជាមនុស្សជាតិ មនុស្សទាំងឡាយណា តែងនាំមកនូវពលី ក្នុងពេលថ្ងៃ និងពេលយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែសធ្វេស រក្សានូវមនុស្សទាំងនោះ។
ID: 636864787736306150
ទៅកាន់ទំព័រ៖