ព្រះត្រៃបិដក ភាគ ៥២
ម្នាលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការអស់អាសវៈទេ កុំអាលទុកចិត្តដោយគុណត្រឹមតែសីល និងវត្ត ឬដោយភាពជាអ្នកចេះដឹងច្រើនឡើយ មួយទៀត ដោយការបានសមាធិ ឬដោយការដេកក្នុងទីស្ងាត់ ឬក៏ដោយគុណ មានប្រមាណប៉ុណ្ណេះថា អាត្មាអញ ពាល់ត្រូវនេក្ខម្មសុខ ដែលបុថុជ្ជនមិនដែលជួបប្រសព្វ ដូច្នេះឡើយ។
ចប់ ធម្មដ្ឋវគ្គ ទី១៩។
ធម្មបទគាថា មគ្គវគ្គ ទី២០
[៣០] ផ្លូវមានអង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ គឺអរិយសច្ច ប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ ប្រសើរជាងធម៌ទាំងឡាយ មួយទៀត ព្រះតថាគតមានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិនៃទស្សនៈ ផ្លូវដទៃ មិនមានទេ។ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនោះ ផ្លូវនេះជាផ្លូវញ៉ាំងមារឲ្យវង្វេង អ្នកទាំងឡាយ ដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យផុតទុក្ខបាន។ ផ្លូវនេះហើយ ដែលតថាគតដឹងថា ជាផ្លូវកំចាត់បង់កូនសរ ប្រាប់ដល់អ្នកទាំងឡាយ សេចក្តីព្យាយាម ញ៉ាំងកិលេសឲ្យក្តៅសព្វ អ្នកទាំងឡាយ គប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាអ្នកប្រាប់
ID: 636864820293358307
ទៅកាន់ទំព័រ៖