ព្រះត្រៃបិដក ភាគ ៥២
ធម្មបទគាថា និរយវគ្គ ទី២២
[៣២] អ្នកពោលពាក្យមិនពិត ឬបុគ្គលណាធ្វើ (អំពើអាក្រក់) ហើយ និយាយថា អញមិនធ្វើទេ (បុគ្គលនោះ) រមែងទៅកាន់នរក ជនទាំងពីរនាក់ ដែលមានអំពើទាបថោក (ស្មើគ្នា) នោះ លុះលះលោកនេះទៅហើយ រមែងជាអ្នកស្មើគ្នា (ដោយគតិ) ក្នុងលោកខាងមុខទៀត។
ពួកជនច្រើននាក់ ដែលមានកព័ន្ធព័ទ្ធដោយសំពត់កាសាវៈ តែ (ប្រព្រឹត្ត) ធម៌ដ៏លាមក មិនបានសង្រួម ពួកជនលាមកទាំងនោះ រមែងទៅកើតក្នុងនរក ដោយសារកម្មទាំងឡាយដ៏លាមកនោះ។
បព្វជិតទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងក្តៅ មានពណ៌ដូចអណ្តាតភ្លើង ប្រសើរជាង បព្វជិតទ្រុស្តសីល មិនសង្រួមបរិភោគដុំបាយអ្នកដែន នឹងប្រសើរដូចម្តេចបាន។
នរជន អ្នកប្រមាទហើយ សេពប្រពន្ធរបស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្តីទុក្ខ ៤ យ៉ាង គឺទី ១ បានរបស់មិនមែនជាបុណ្យ ទី ២ ដេកមិនបានតាមប្រាថ្នា ទី ៣ ការតិះដៀល ទី ៤ ការធ្លាក់នរក។
ID: 636865037688092575
ទៅកាន់ទំព័រ៖