ព្រះត្រៃបិដក ភាគ ៥៣
ពួកជនណា ឈានឡើងកាន់អរិយមគ្គ ដែលព្រះមានព្រះភាគ ដូចជានាយឈ្មួញដ៏ប្រសើរដោយសីលាទិគុណ ទ្រង់សំដែងហើយដោយប្រពៃ ពួកជនណា មិនប្រមាទក្នុងសាសនារបស់ព្រះសុគត ពួកជននោះ ៗ តែងធ្វើនូវទីបំផុតទុក្ខ ក្នុងអត្តភាពនេះបាន។ សូត្រ ទី៥។
[៨៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរពិចារណាឃើញរឿយ ៗ នូវអាការមិនស្អាតក្នុងកាយ ឯអានាបានស្សតិកម្មដ្ឋាន ក៏អ្នកទាំងឡាយ ចូរតាំងឡើងប្រាកដ ឲ្យមានមុខឆ្ពោះទៅកាន់អារម្មណ៍ខាងក្នុង អ្នកទាំងឡាយ ចូរពិចារណាឃើញរឿយ ៗ ក្នុងសង្ខារទាំងពួងថាមិនទៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ពិចារណាឃើញរឿយ ៗ នូវអាការមិនស្អាតក្នុងកាយហើយ រាគានុស័្សយណា គួរដល់កិរិយាកើតឡើងក្នុងសុភធាតុ (កាន់យកនូវអារម្មណ៍ថាស្អាត) រាគានុស្ស័យនោះ អ្នកទាំងឡាយ រមែងលះបង់បាន។ កាលអានាបានស្សតិកម្មដ្ឋាន តាំងឡើងប្រាកដ មានមុខឆ្ពោះទៅកាន់អារម្មណ៍ខាងក្នុងហើយ អាសយវិតក្កៈទាំងឡាយណាជាខាងក្រៅ ដែលជាចំណែកនៃសេចក្តីចង្អៀតចង្អល់ អាសយវិតក្កៈទាំងឡាយនោះ មិនមានតទៅទៀតឡើយ។ កាលបើអ្នកទាំងឡាយ ពិចារណាឃើញរឿយ ៗ ក្នុងសង្ខារទាំងពួងថាមិនទៀងហើយ អវិជ្ជា អ្នកទាំងឡាយ ក៏រមែងលះបង់បាន វិជ្ជាសោត ក៏រមែងកើតឡើង។
ID: 636865443384257068
ទៅកាន់ទំព័រ៖