ព្រះត្រៃបិដក ភាគ ៥៣
ភិក្ខុជាអ្នកពិចារណាឃើញរឿយ ៗ ក្នុងកាយមិនស្អាត មានសតិដំកល់ខ្ជាប់ក្នុងអានាបានស្សតិកម្មដ្ឋាន ពិចារណាឃើញព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងហើយ ជាអ្នកមានព្យាយាម ជាគ្រឿងដុតកំដៅកិលេសសព្វ ៗ កាល។ ភិក្ខុនោះឯង ឈ្មោះថា ឃើញដោយប្រពៃ ជាអ្នកសង្រួម រមែងចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងនោះ ភិក្ខុនោះឯង ជាអ្នកមានព្រហ្មចរិយធម៌ ប្រព្រឹត្តរួចហើយ ជាអ្នកស្ងប់ ព្រោះដឹងច្បាស់ ឈ្មោះថា អ្នកប្រាជ្ញប្រព្រឹត្តកន្លងយោគៈ។ សូត្រ ទី ៦។
[៨៧] កាលបុគ្គលនិយាយថា ភិក្ខុអ្នកប្រតិបត្តិនូវធម៌សមគួរដល់ធម៌ដោយសភាពដ៏សមគួរណា សភាពដ៏សមគួរនេះ ជារបស់ភិក្ខុអ្នកប្រតិបត្តិធម៌សមគួរដល់ធម៌ ដោយសេចក្តីអធិប្បាយ ដូច្នេះ ឈ្មោះថា និយាយធម៌មែនពិត មិនឈ្មោះថា និយាយអធម៌ ឬឈ្មោះថា ត្រិះរិះធម៌មែនពិត មិនឈ្មោះថា ត្រិះរិះអធម៌ឡើយ លុះវៀរទាំងពីរនោះចេញ ទើបជាអ្នកព្រងើយ មានសតិសម្បជញ្ញៈ។
ភិក្ខុមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ត្រិះរិះរឿយ ៗនូវធម៌ រឭករឿយ ៗ នូវធម៌ រមែងមិនសាបសូន្យចាកព្រះសទ្ធម្មឡើយ។ (ភិក្ខុនោះ) ទោះបីដើរ ឬឈរ ឬអង្គុយ ឬដេក ក៏រម្ងាប់ចិត្ត (របស់ខ្លួន) ក្នុងកម្មដ្ឋានខាងក្នុង រមែងបានដល់ព្រះនិព្វានជាទីស្ងប់រម្ងាប់ពុំខានឡើយ។ សូត្រ ទី៧។
ID: 636865443683274171
ទៅកាន់ទំព័រ៖