ព្រះត្រៃបិដក ភាគ ៥៣

​លោភៈ​ ​ជា​ធម៌​ញុំាង​សេចក្តី​វិនាស​ឲ្យ​កើត​ ​លោភៈ​ជា​ធម៌​ញុំាង​ចិត្ត​ឲ្យ​កម្រើក​ ​ភ័យ​កើត​ហើយ​ក្នុងចិត្ត​ ​ជន​មិនដឹង​នូវ​ភ័យ​នោះ​ឡើយ​។​ ​បុគ្គល​អ្នក​លោភ​ ​រមែង​មិន​ស្គាល់​ប្រយោជន៍​ ​បុគ្គល​អ្នក​លោភ​ ​រមែង​មិនឃើញ​ធម៌​ ​សេចក្តី​លោភ​គ្រប​សង្កត់​នរជន​ ​ក្នុង​កាលណា​ ​សេចក្តី​ងងឹត​ដ៏​មាន​កំឡាំង​ ​ក៏​កើតឡើង​ក្នុង​កាលនោះ​។​ ​លុះតែ​បុគ្គល​ណា​ ​បាន​លះបង់​សេចក្តី​លោភ​ហើយ​ ​ទើប​មិន​ជាប់ចិត្ត​ ​ក្នុង​អារម្មណ៍​ ​ដែល​គួរ​ជាប់ចិត្ត​ ​សេចក្តី​លោភ​ ​ដែល​អរិយមគ្គ​កំចាត់​បង់​ចាក​បុគ្គល​នោះ​ ​ដូច​ដំណក់ទឹក​ដែល​រមៀល​ចេញ​អំពី​ស្លឹក​ឈូក​ ​ដូច្នោះឯង​។​ ​ទោសៈ​ ​ជា​ធម៌​ញុំាង​សេចក្តី​វិនាស​ឲ្យ​កើត​ ​ទោសៈ​ជា​ធម៌​ញុំាង​ចិត្ត​ឲ្យ​កម្រើក​ ​ភ័យ​កើត​ហើយ​ក្នុងចិត្ត​ ​ជន​មិនដឹង​នូវ​ភ័យ​នោះ​។​ ​ជន​អ្នក​ប្រទូស្ត​ ​រមែង​មិន​ស្គាល់​ប្រយោជន៍​ ​ជន​អ្នក​ប្រទូស្ត​ ​រមែង​មិនឃើញ​ធម៌​ ​ទោសៈ​គ្រប​សង្កត់​នរជន​ ​ក្នុង​កាលណា​ ​សេចក្តី​ងងឹត​ដ៏​មាន​កំឡាំង​ ​ក៏​កើតឡើង​ក្នុង​កាលនោះ​។​ ​លុះតែ​បុគ្គល​ណា​ ​បាន​លះបង់​ទោសៈ​ហើយ​ ​ទើប​មិន​ប្រទូស្ត​ក្នុង​អារម្មណ៍​ ​ដែល​គួរ​ប្រទូស្ត​ ​ទោសៈ​ដែល​អរិយមគ្គ​កំចាត់​បង់​ហើយ​ ​ចាក​បុគ្គល​នោះ​ ​ដូចជា​ផ្លែ​ត្នោត​ទុំ​ ​ដែល​ជ្រុះ​ចាក​ទង​ ​ដូច្នោះឯង​។​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636865444498310788
ទៅកាន់ទំព័រ៖