ព្រះត្រៃបិដក ភាគ ៥៣
មោហៈ ជាធម៌ញុំាងសេចក្តីវិនាសឲ្យកើត មោហៈជាធម៌ញុំាងចិត្តឲ្យកម្រើក ភ័យកើតហើយខាងក្នុងចិត្ត ជនមិនដឹងនូវភ័យនោះ។ ជនអ្នកវង្វេង រមែងមិនស្គាល់ប្រយោជន៍ ជនអ្នកវង្វេង រមែងមិនឃើញធម៌ មោហៈគ្របសង្កត់នរជន ក្នុងកាលណា សេចក្តីងងឹតដ៏មានកំឡាំង ក៏កើតឡើងក្នុងកាលនោះ។ លុះតែបុគ្គលណា បានលះបង់មោហៈហើយ ទើបមិនវង្វេងក្នុងអារម្មណ៍ ដែលគួរវង្វេង បុគ្គលនោះ រមែងកំចាត់បង់នូវមោហៈទាំងពួង (ដោយមគ្គទី ៤) ដូចជាព្រះអាទិត្យ កាលរះឡើង កំចាត់បង់ងងឹត ដូច្នោះឯង។ សូត្រ ទី៩។
[៩១] ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្ម ៣ យ៉ាង គ្របសង្កត់ រួបរឹតចិត្តហើយ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់ ១ កប្ប លែងកែបាន។ អសទ្ធម្ម ៣ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវសេចក្តីប្រាថ្នាដ៏លាមក គ្របសង្កត់រួបរឹតចិត្តហើយ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់ ១ កប្ប លែងកែបាន ១។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវភាពនៃបាបមិត្តគ្របសង្កត់ រួបរឹតចិត្តហើយ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់ ១ កប្ប លែងកែបាន ១។
ID: 636865444767956211
ទៅកាន់ទំព័រ៖