ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងវិរាគធម៌ហើយ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ កាលបើពួកសត្វជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរហើយ មានផលក៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងប៉ុន្មាន ដែលជាសង្ខតធម៌ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏ការឃើញត្រូវ ១ ការត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ព្យាយាមត្រូវ ១ រលឹកត្រូវ ១ តាំងចិត្តមាំត្រូវ ១ នេះប្រាកដជាប្រសើរជាងធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងធម៌ គឺមគ្គដ៏ប្រសើរហើយ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លា ក្នុងវត្ថុដ៏ប្រសើរ កាលបើពួកសត្វជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរហើយ មានផលក៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ សង្ឃក្តី គណៈក្តីទាំងប៉ុន្មាន សង្ឃជាសាវ័ករបស់ព្រះតថាគត ដែលចាត់ជាគូនៃបុរស មាន ៤ គូ ចាត់ជាបុរសបុគ្គល (រៀងគ្នា) មានប្រាំបីនេះ ប្រាកដជាប្រសើរជាងសង្ឃ និងគណៈទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណា ជ្រះថ្លាក្នុងសង្ឃហើយ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ កាលបើពួកសត្វជ្រះថ្លា ក្នុងវត្ថុដ៏ប្រសើរហើយ មានផលក៏ប្រសើរ។ មា្នលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។
ID: 636865445756102730
ទៅកាន់ទំព័រ៖