ព្រះត្រៃបិដក ភាគ ៥៣
សុទ្ធតែជាអ្នកប្រព្រឹត្តទៅ ក្នុងអំណាចនៃប្រយោជន៍ ព្រោះអាស្រ័យប្រយោជន៍ មិនមែនព្រោះព្រះរាជាបៀតបៀន មិនមែនព្រោះចោរបៀតបៀន មិនមែនព្រោះចំពាក់បំណុល មិនមែនព្រោះភ័យគ្របសង្កត់ មិនមែនព្រោះដុនដាបដោយការចិញ្ចឹមជីវិតទេ ពិតជាព្រោះការត្រិះរិះថា ពួកយើងត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ជាអ្នកត្រូវទុក្ខរឹបជាន់ ត្រូវទុក្ខគ្របសង្កត់ហើយ ធ្វើដូចម្តេចហ្ន៎ ការធ្វើនូវទីបំផុតនៃគំនរទុក្ខទាំងអស់នេះឲ្យប្រាកដបាន។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ បានបួសយ៉ាងនេះហើយ ក៏ជាអ្នកច្រើនដោយអភិជ្ឈា មានតម្រេកដ៏ក្លៀវក្លាក្នុងកាម មានចិត្តព្យាបាទ មានការត្រិះរិះក្នុងចិត្តដ៏អាក្រក់ ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិនមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយជាប្រក្រតី គឺមិនសង្រួម។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាអង្កត់ឧសសម្រាប់ដុតខ្មោច មានភ្លើងឆេះទាំងសងខាង ប្រឡាក់លាមកត្រង់កណ្តាល រមែងមិនផ្សព្វផ្សាយទៅដើម្បីជាឧសក្នុងស្រុក ក្នុងព្រៃបានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលនេះថា សាបសូន្យចាកភោគៈរបស់គ្រហស្ថផង មិនបានញុំាងប្រយោជន៍ជារបស់សមណៈឲ្យបរិបូណ៌ផង ក៏យ៉ាងនោះដែរ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។
ID: 636865446282792855
ទៅកាន់ទំព័រ៖