ព្រះត្រៃបិដក ភាគ ៥៣
លុះភិក្ខុទាំងនោះ មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មិនខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ រំលត់ភ្លើងកិលេសបានហើយ រមែងរលត់ទាំងខន្ធ មិនមានសេសសល់ កន្លងផុតនូវទុក្ខ មិនមានសេសសល់។ អ្នកប្រាជ្ញទាំងឡាយ ជាអ្នកឃើញនូវអរិយធម៌ (និព្វាន និងសច្ចៈ ៤) ដល់នូវវេទ ព្រោះដឹងដោយប្រពៃ ដឹងច្បាស់នូវធម៌ ជាគ្រឿងអស់ជាតិ រមែងមិនវិលមកកាន់ភពទៀតឡើយ។ សូត្រ ទី៤។
[៩៦] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុពិចារណាយ៉ាងណាៗ ហើយ វិញ្ញាណ មិនរាយមាយ មិនរវើរវាយទៅខាងក្រៅ ទាំងមិនឋិតនៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ភិក្ខុគួរពិចារណាយ៉ាងនោះៗ ទើបហេតុជាគ្រឿងបង្កឲ្យកើតនៃជាតិទុក្ខ ជរាទុក្ខ និងមរណទុក្ខ មិនមានតទៅ។
ភិក្ខុដែលបានលះបង់នូវគ្រឿងជាប់ចំពាក់ ៧ យ៉ាង កាត់ផ្ដាច់នូវតណ្ហា សម្រាប់នាំទៅកាន់ភព រមែងអស់ការត្រាច់រង្គាត់ទៅកាន់ជាតិ ភពថ្មីរបស់ភិក្ខុនោះ មិនមានទៀតឡើយ។ សូត្រ ទី៥។
ID: 636865447483491531
ទៅកាន់ទំព័រ៖