ព្រះត្រៃបិដក ភាគ ៥៣
[៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលល្អ មានធម៌ល្អ មានប្រាជ្ញាល្អ បានប្រព្រឹត្តមគ្គព្រហ្មចរិយៈចប់សព្វគ្រប់ហើយ ហៅថាជាបុរសដ៏ខ្ពង់ខ្ពស់ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល បានសង្រួមដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារ និងគោចរៈ ឃើញភ័យក្នុងទោសបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសីលល្អ យ៉ាងនេះឯង។ ដូច្នេះ ហៅថា ភិក្ខុមានសីលល្អ។ ភិក្ខុមានធម៌ល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រកបរឿយៗ នូវការចំរើននូវពោធិបក្ខិយធម៌ ៣៧ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានធម៌ល្អ យ៉ាងនេះឯង។ ដូច្នេះ ហៅថា ភិក្ខុមានសីលល្អ មានធម៌ល្អ។ ភិក្ខុមានប្រាជ្ញាល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានប្រាជ្ញាល្អ យ៉ាងនេះឯង។
ID: 636865448177011198
ទៅកាន់ទំព័រ៖