ព្រះត្រៃបិដក ភាគ ៥៣
នេះជាវិជ្ជាទី ១ ដែលភិក្ខុនោះបានហើយ អវិជ្ជា ខ្ចាត់បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់ភិក្ខុនោះ ដែលមិនធ្វេសប្រហែស ខំព្យាយាមដុតកំដៅកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនាដល់កាយ និងជីវិតឡើយ)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានចក្ខុទិព្វបរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្ស ពិចារណាឃើញនូវសត្វទាំងឡាយ ដែលកំពុងច្យុត កំពុងកើត ទាបថោក និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ៎្ន សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្មជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក អើហ៎្ន ចំណែកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្មជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតឯសុគតិ សួគ៌ ទេវលោក ភិក្ខុនោះ មានចក្ខុទិព្វបរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយបការៈដូច្នេះ។
ID: 636865449052431269
ទៅកាន់ទំព័រ៖