ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាហេតុនាំឲ្យកើតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាការរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុអ្នកដឹង អ្នកឃើញថា នេះជាបដិបទា ប្រព្រឹត្តទៅកាន់ទីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈទាំងឡាយ រមែងមានដល់ភិក្ខុ អ្នកដឹងយ៉ាងនេះ អ្នកឃើញយ៉ាងនេះឯង។
កាលបើសេក្ខបុគ្គល កំពុងសិក្សា ត្រាច់ទៅតាមផ្លូវដ៏ត្រង់ ញាណទី ១ ក្នុងការអស់ទៅនៃអាសវៈ (ក៏កើតមាន) តអំពីនោះទៅ អរហត្តមគ្គញ្ញាណដ៏ប្រសើរ (ក៏កើតឡើង)។ កាលភិក្ខុមានចិត្តផុតស្រឡះ ចាកអាសវៈ ដោយសារអរហត្តមគ្គញ្ញាណនោះហើយ វិមុត្តិញ្ញាណដ៏ឧត្តម ក៏កើតឡើង សេចក្តីដឹងក្នុងការអស់ទៅថា សំយោជនៈទាំងឡាយ អស់ហើយដូច្នេះ ឯព្រះនិព្វាន ជាគ្រឿងដោះចាកគ្រឿងចំពាក់ទាំងពួងនេះ បុគ្គលខ្ជិល ល្ងង់ មិនដឹងច្បាស់ មិនគប្បីបានឡើយ។ សូត្រ ទី៣។
ID: 636865450729667201
ទៅកាន់ទំព័រ៖