ព្រះត្រៃបិដក ភាគ ៥៣
ពួកបុគ្គលណា មិនដឹងច្បាស់នូវទុក្ខផង នូវហេតុនាំឲ្យកើតទុក្ខផង នូវទីរលត់ទុក្ខ សព្វគ្រប់ ឥតមានសេសសល់ផង មិនដឹងច្បាស់នូវផ្លូវប្រព្រឹត្តទៅកាន់ទីស្ងប់រម្ងាប់ទុក្ខនោះផង ពួកបុគ្គលនោះ រមែងសាបសូន្យ ចាកចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ពួកបុគ្គលនោះ មិនគួរធ្វើនូវទីបំផុតនៃទុក្ខបានឡើយ ពួកបុគ្គលនោះ ចូលទៅកាន់ជាតិ និងជរាដោយពិត។ លុះតែពួកបុគ្គលណា ដឹងច្បាស់នូវទុក្ខផង នូវហេតុនាំឲ្យកើតទុក្ខផង នូវទីរលត់ទុក្ខសព្វគ្រប់ ឥតមានសេសសល់ផង ដឹងច្បាស់នូវផ្លូវប្រព្រឹត្តទៅកាន់ទីស្ងប់រម្ងាប់ទុក្ខនោះផង ទើបបរិបូណ៌ដោយចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ពួកបុគ្គលនោះ គួរធ្វើនូវទីបំផុតនៃទុក្ខបាន ពួកបុគ្គលនោះ មិនចូលទៅកាន់ជាតិ និងជរាឡើយ។ សូត្រ ទី៤។
[១០៦] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា បរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយវិមុត្តិ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ជាអ្នកទូន្មាន ពន្យល់ឲ្យដឹង សំដែងបញ្ជាក់ឲ្យឃើញងាយ ណែនាំ ធ្វើឲ្យអង់អាច ធ្វើឲ្យរីករាយ (ក្នុងកុសលធម៌) អាចសំដែងនូវព្រះសទ្ធម្មបាន។
ID: 636865451149341205
ទៅកាន់ទំព័រ៖