ព្រះត្រៃបិដក ភាគ ៥៣
[១០៩] ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ និងគហបតីណា បានទំនុកបំរុងអ្នកទាំងឡាយ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រាហ្មណ៍ និងគហបតីទាំងនោះ ឈ្មោះថា មានឧបការៈច្រើន ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឯអ្នកទាំងឡាយ ក៏ឈ្មោះថាមានឧបការៈច្រើន ដល់ពួកព្រាហ្មណ៍ និងគហបតីដែរ ព្រោះអ្នកទាំងឡាយ សំដែងធម៌ មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យព្ជានៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយធម៌នេះ ដែលបុគ្គលប្រព្រឹត្ត ដើម្បីប្រយោជន៍រើចេញចាកឱឃៈ និងធ្វើឲ្យផុតទុក្ខដោយប្រពៃបាន ក៏ព្រោះតែអាស្រ័យគ្នាទៅវិញទៅមក យ៉ាងនេះឯង។
ពួកគ្រហស្ថ និងបព្វជិតទាំងពីរពួក អាស្រ័យគ្នាទៅវិញទៅមក ទើបញុំាងព្រះសទ្ធម្ម ដែលជាទីក្សេមចាកយោគៈដ៏ប្រសើរ ឲ្យសម្រេចបាន ឯពួកបព្វជិត តែងទទួលចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងភេសជ្ជប្បច្ច័យ ជាគ្រឿងបន្ទោបង់សេចក្តីអន្តរាយ អំពីពួកគ្រហស្ថ។
ID: 636865452425234182
ទៅកាន់ទំព័រ៖