ព្រះត្រៃបិដក ភាគ ៥៣
ឯពួកគ្រហស្ថ អ្នកស្វែងរកប្រយោជន៍ក្នុងផ្ទះ បានអាស្រ័យសង្ឃជាសាវ័កនៃព្រះសុគតហើយ ជឿ (សេចក្តីប្រតិបត្តិ និងពាក្យ) របស់ព្រះអរហន្តទាំងឡាយ ដោយប្រាជ្ញាដ៏ប្រសើរ ជាអ្នកពិនិត្យ បានប្រព្រឹត្តធម៌ ក្នុងសាសនានេះ ដែលជាផ្លូវប្រព្រឹត្តទៅកាន់សុគតិ រមែងជាអ្នកមានអំណរ រីករាយក្នុងទេវលោក បានសម្រេចតាមសេចក្តីប្រាថ្នា។ សូត្រ ទី៨។
[១១០] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ជាអ្នកញុំាងគេឲ្យស្ងើច រឹងរូស រាក់ទាក់ មានវាចាដូចស្នែង លើកកំពស់ មានចិត្តមិននឹងនួន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា មិនរាប់អានតថាគតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រាសចាកធម៌វិន័យនេះផង ភិក្ខុទាំងនោះ មិនដល់នូវសេចក្តីចំរើន លូតលាស់ទូលំទូលាយ ក្នុងធម៌វិន័យនេះផង។ ម្នាលភិក្ខុទាំងឡាយ លុះតែពួកភិក្ខុណា មិនជាអ្នកញុំាងគេឲ្យស្ងើច មិនរាក់ទាក់ មានប្រាជ្ញា មិនរឹងរូស មានចិត្តនឹងនួនល្អ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះឯង ទើបឈ្មោះថា ជាអ្នករាប់អានតថាគតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា មិនបា្រសចាកធម៌វិន័យនេះផង ភិក្ខុទាំងនោះ រមែងដល់នូវសេចក្តីចំរើនលូតលាស់ ទូលំទូលាយ ក្នុងធម៌វិន័យនេះផង។
ID: 636865453839635081
ទៅកាន់ទំព័រ៖