ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ ភិក្ខុទុកជាកំពុងឈរ តែមានសភាពយ៉ាងនេះហើយ ហៅថាជាអ្នកមានព្យាយាមដុតកំដៅកិលេស ក្តៅនឹងបាប ប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងអង្គុយក្តី បើប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ប្រាសចាកថីនមិទ្ធៈ ប្រាសចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ប្រារព្ធព្យាយាមមិនធូរថយ ប្រុងស្មារតីមិនភ្លេចភ្លាំង មានកាយស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ មានចិត្តតាំងមាំមួន នឹងនួនក្នុងអារម្មណ៍តែមួយហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទុកជាកំពុងអង្គុយ តែមានសភាពយ៉ាងនេះហើយ ហៅថាជាអ្នកមានព្យាយាមដុតកំដៅកិលេស ក្តៅនឹងបាប ប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុកំពុងដេកក្តី កំពុងភ្ញាក់ក្តី បើប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ប្រាសចាកថីនមិទ្ធៈ ប្រាសចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ប្រារព្ធព្យាយាមមិនធូរថយ ប្រុងស្មារតីមិនភ្លេចភ្លាំង មានកាយស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ មានចិត្តតាំងមាំ មូលនឹងនួន ក្នុងអារម្មណ៍តែមួយហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទុកជាកំពុងដេក កំពុងភ្ញាក់ តែមានសភាពយ៉ាងនេះហើយ ហៅថាជាអ្នកមានព្យាយាម ដុតកំដៅកិលេស ក្តៅនឹងបាប ប្រារព្ធព្យាយាមជានិច្ចកាល មានចិត្តស្លុងទៅកាន់ព្រះនិព្វាន។
ID: 636865456585232120
ទៅកាន់ទំព័រ៖