ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ តថាគត ពោលយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ពោលយ៉ាងនោះឯង ព្រោះហេតុនោះ បានជាហៅថា ព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត ជាអ្នកគ្របសង្កត់លើសត្វឯទៀត (ដោយគុណ) សត្វឯទៀតគ្របសង្កត់ (តថាគតវិញ) មិនបាន ជាអ្នកឃើញហេតុសព្វគ្រប់ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ព្រោះហេតុនោះ បានជាហៅថា ព្រះតថាគត។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
អ្នកប្រាជ្ញ បានដឹងច្បាស់ នូវលោកទាំងពួង ក្នុងលោកទាំងពួងដោយពិត ជាអ្នកប្រាសចាកលោកទាំងពួង ក្នុងលោកទាំងពួង មិនមាននរណា(១) ប្រៀបបាន ជាអ្នកគ្របសង្កត់លោកទាំងអស់ (ដោយគុណ) ជាអ្នកញុំាងលោកទាំងអស់ ឲ្យផុតចាកគ្រឿងចំពាក់ទាំងពួង ព្រះនិព្វាន ជាទីស្ងប់រម្ងាប់យ៉ាងក្រៃលែង មិនមានភ័យអំពីទីណា ៗ ដល់អ្នកប្រាជ្ញដែលបានហើយ អ្នកប្រាជ្ញនុ៎ះ ជាព្រះខីណាស្រព ត្រាស់ដឹងនូវសច្ចៈ ៤ ជាបុគ្គលមិនមានទុក្ខ បានកាត់ផ្តាច់នូវសេចក្តីសង្ស័យ ដល់នូវការអស់ទៅនៃកម្មទាំងពួង មានចិត្តផុតស្រឡះ ក្នុងធម៌ជាគ្រឿងអស់ទៅនៃកិលេស
(១) ក្នុងអដ្ឋកថាថា មិនមានគឺនរ គឺតណ្ហា និងទិដ្ឋិ (អនូសយោ)។
ID: 636865457810592207
ទៅកាន់ទំព័រ៖