ព្រះត្រៃបិដក ភាគ ៥៣

 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ថា​ ​នេះ​ជា​ផលកម្ម​របស់​អាត្មាអញ​ដូចម្ដេច​ហ្ន៎​ ​នេះ​ជា​វិបាក​នៃ​កម្ម​ដូចម្ដេច​ ​ដែល​នាំឲ្យ​អាត្មាអញ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ក្នុង​កាល​ឥឡូវនេះ​។​
 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្ដី​ត្រិះរិះ​ថា​ ​នេះ​ជា​ផលកម្ម​ទាំងឡាយ​ ​៣​ ​យ៉ាង​ ​របស់​អាត្មាអញ​ ​នេះ​ជា​វិបាក​នៃ​កម្ម​ទាំងឡាយ​ ​៣​ ​យ៉ាង​ ​ដែល​នាំឲ្យ​អាត្មាអញ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​គឺ​ផល​ទាន​ ​១​ ​ការ​ទូន្មាន​ឥន្ទ្រិយ​ ​១​ ​ការ​សង្រួម​ ​១​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​កុលបុត្រ​អ្នក​ប្រាថ្នា​ប្រយោជន៍​ ​គួរ​សិក្សា​ ​គឺថា​ ​គប្បី​សេព​នូវ​បុណ្យ​ដែល​មានផល​បរិបូណ៌​ ​មាន​វិបាក​ជា​សុខ​ ​គួរ​ចំរើន​ទាន​ ​១​ ​ការប្រព្រឹត្តិ​ស្មើ​ ​គឺ​សីល​ ​១​ ​មេត្តាចិត្ត​ ​១​ ​លុះ​ចំរើន​ធម៌​ទាំង​ ​៣​ ​នេះ​ ​ដែល​មាន​អានិសង្ស​ជា​សុខ​ហើយ​ ​រមែង​ចូល​ទៅកាន់​លោក​ជា​សុខ​(​១​)​ ​ឥតមាន​ទុក្ខ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី២​។​
​(​១​)​ ​សុខ​ក្នុង​ទីនេះ​ ​បាន​ដល់​សុខ​ដែល​កើតអំពី​ឈាន​សមាបត្តិ​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636865274521988699
ទៅកាន់ទំព័រ៖