ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ ដូចមេឃដែលស្រឡះ ប្រាសចាកពពក ក្នុងសរទសម័យ ក្នុងខែជាខាងចុងនៃរដូវភ្លៀង ព្រះអាទិត្យ ក៏រះត្រដួចត្រដឹមក្នុងពពក កំចាត់បង់ងងឹតឰដ៏អាកាសទាំងអស់ ភ្លឺស្វាងរុងរឿង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្តុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិត នៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្តុទាំងនោះ ភ្លឺស្វាងរុងរឿង ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចផ្កាយព្រឹក ភ្លឺស្វាងរុងរឿង ក្នុងបច្ចូសសម័យនៃរាត្រី ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផល ក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ដូច្នោះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្តីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ID: 636865276186543906
ទៅកាន់ទំព័រ៖