ព្រះត្រៃបិដក ភាគ ៥៣
[៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺ មោហៈ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មោហៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
[៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី។ ធម៌ ១ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺសេចក្ដីក្រោធ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី។
ID: 636865267540809398
ទៅកាន់ទំព័រ៖