ព្រះត្រៃបិដក ភាគ ៥៣

 [​៣៥​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ​ ​មិនមែន​ដើម្បី​កុហក​នូវ​ជន​ ​មិនមែន​ដើម្បី​រួសរាយ​ចំពោះ​ជន​ ​មិនមែន​ដើម្បី​អានិសង្ស​ ​គឺ​លាភសក្ការៈ​ ​និង​សេចក្ដីសរសើរ​ទេ​ ​មិន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ដោយ​គិតថា​ ​មហាជន​ចូរ​ស្គាល់​នូវ​អាត្មាអញ​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តាមពិត​នោះ​ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយៈ​នេះ​ ​ដើម្បី​សង្រួម​ផង​ ​ដើម្បី​លះបង់​ផង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
 ព្រះមានព្រះភាគ​ ​ព្រះអង្គ​នោះ​ ​ទ្រង់​បាន​សំដែង​នូវ​ព្រហ្មចរិយៈ​ដែល​មិន​អាង​តាម​ពាក្យ​គេ​ថា​ ​ទី​ប្រព្រឹត្តទៅ​ ​ដើម្បី​ចុះ​ស៊ប់​ ​កាន់​ព្រះនិព្វាន​ ​ដើម្បី​សង្រួម​ ​ដើម្បី​លះបង់​ ​នេះ​ជា​ផ្លូវ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ទ្រង់​មាន​ព្រះ​អធ្យាស្រ័យ​ដ៏​ធំ​ ​ស្វែងរក​នូវ​គុណ​ដ៏​ធំ​ ​ទ្រង់​ប្រតិបត្តិ​មក​ហើយ​ ​ជន​ទាំងឡាយ​ណា​ ​ដើរតាម​ផ្លូវ​ដែល​ព្រះពុទ្ធ​បាន​សំដែង​ហើយ​នោះ​ ​ឈ្មោះថា​ ​ធ្វើតាម​ពាក្យ​ប្រដៅ​នៃ​ព្រះ​សាស្ដា​ ​និង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​។​
 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៨​។​
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636865302385832419
ទៅកាន់ទំព័រ៖