ព្រះត្រៃបិដក ភាគ ៥៣
យើងទាំងឡាយ មិនបៀតបៀនសត្វណាមួយ ដែលតក់ស្លុត ឬដែលនឹងធឹងដោយសេចក្ដីប្រព្រឹត្តិនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររីករាយក្នុងវិវេក ចូរត្រេកអរក្នុងវិវេកចុះ ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង នឹងផុសផុលឡើងជាច្រើន ចំពោះអ្នកទាំងឡាយនោះ ដែលរីករាយក្នុងវិវេក ត្រេកអរក្នុងវិវេកថា អ្វីជាអកុសល អ្វីដែលយើងមិនទាន់លះបង់ យើងលះបង់អ្វី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
វិតក្កៈ ២ យ៉ាង គឺ ខេមវិតក្កៈទី ១ ដែលព្រះអង្គទ្រង់សំដែងហើយ តអំពីនោះ វិវេកវិតក្កៈទី ២ ដែលព្រះអង្គទ្រង់ប្រកាសហើយ តែងផុសផុលឡើង ចំពោះព្រះតថាគត ជាព្រះពុទ្ធ ដែលបុគ្គលដទៃគ្របសង្កត់មិនបាន។ តថាគត ហៅបុគ្គលអ្នកបន្ទោបង់នូវងងឹត ដល់នូវត្រើយ ស្វែងរកនូវគុណដ៏ធំ ដល់នូវសេចក្ដីត្រាស់ដឹង ស្ទាត់ (ក្នុងឈាន) មិនមានអាសវៈ ឆ្លងនូវពិស គឺកិលេស រួចស្រឡះហើយ ព្រោះការអស់តណ្ហានោះឯង ថាជាអ្នកប្រាជ្ញ ទ្រទ្រង់នូវកាយជាទីបំផុត កំចាត់បង់នូវមារ ដល់នូវត្រើយនៃជរា។
ID: 636865303722398866
ទៅកាន់ទំព័រ៖