ព្រះត្រៃបិដក ភាគ ៥៣
ទុគ្គតិទាំងឡាយណានីមួយ ទាំងក្នុងលោកនេះ ទាំងក្នុងបរលោក ទុគ្គតិទាំងអស់នោះ មានអវិជ្ជាជាឫស មានសេចក្ដីប្រាថ្នា និងសេចក្ដីលោភ ជាគ្រឿងដុះដាលឡើង បុគ្គលមានសេចក្ដីប្រាថ្នាលាមក មានសេចក្ដីមិនខ្មាសបាប ទាំងមានសេចក្ដីមិនអើពើ ក្នុងកាលណាហើយ តែងទទួលនូវផលបាប ទៅកាន់អបាយ ព្រោះបាបនោះ ក្នុងកាលនោះ។ ព្រោះហេតុនោះ ភិក្ខុគប្បីញុំាងឆន្ទៈ លោភៈ និងអវិជ្ជា ឲ្យវិនាសទៅផង ញុំាងវិជ្ជាឲ្យកើតឡើងផង ទើបលះបង់នូវទុគ្គតិទាំងពួងបាន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
[៤១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយណា សាបសូន្យចាកបញ្ញាដ៏ប្រសើរហើយ សត្វទាំងឡាយនោះ ឈ្មោះថា សាបសូន្យអស់រលីង សត្វទាំងឡាយនោះ រមែងនៅជាទុក្ខ ប្រកបដោយសេចក្ដីថ្នាំងថ្នាក់ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ ប្រកបដោយសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់ទុគ្គតិ។
ID: 636865304774509044
ទៅកាន់ទំព័រ៖