ព្រះត្រៃបិដក ភាគ ៥៣

​ការ​អស់​រាគៈ​ ​អស់​ទោសៈ​ ​អស់​មោហៈ​ណា​ ​របស់​ព្រះអរហន្ត​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សឧបាទិសេស​និព្វាន​ធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនុបាទិសេស​និព្វាន​ធាតុ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយដោយ​លំដាប់​ ​មាន​សំយោជនៈ​ក្នុង​ភព​អស់ហើយ​ ​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សោយ​នូវ​អារម្មណ៍​ទាំងពួង​ ​មាន​សុខវេទនា​ជាដើម​ ​ការ​មិន​ត្រេកអរ​ ​ដោយ​កិលេស​ ​មាន​តណ្ហា​ជាដើម​ ​របស់​ព្រះអរហន្ត​នោះ​ ​និង​ស្ងប់​រម្ងាប់​ ​ឥត​កម្រើក​ ​ក្នុង​អត្តភាព​នេះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អនុបាទិសេស​និព្វាន​ធាតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និព្វាន​ធាតុ​មាន​ ​២​ ​នេះឯង​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​និព្វាន​ធាតុ​ ​២​ ​នេះ​ ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​មាន​ចក្ខុ​ ​ព្រះអង្គ​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​មិន​ញាប់ញ័រ​ ​(​ដោយ​លោកធម៌​)​ ​ទ្រង់​ប្រកាស​ហើយ​ថា​ ​ធាតុ​មួយ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ជាទី​អស់​ទៅ​នៃ​តណ្ហា​ក្នុង​ភព​ ​ជាស​ឧបា​ទិ​សេ​សៈ​ ​ចំណែក​ធាតុ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បរលោក​ ​រលត់​ភព​ទាំងឡាយ​ដោយសព្វគ្រប់​ ​ជា​អនុ​បា​ទិ​សេ​សៈ​។​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636865306406312378
ទៅកាន់ទំព័រ៖