ព្រះត្រៃបិដក ភាគ ៥៣
អរហន្តទាំងឡាយណា មានចិត្តផុតស្រឡះហើយ អស់តណ្ហាក្នុងភពហើយ ព្រោះដឹងព្រះនិព្វាននេះ ដែលបច្ច័យមិនតាក់តែងហើយ អរហន្តទាំងនោះ ត្រេកអរក្នុងការអស់ទៅ ព្រោះបានធម៌មានខ្លឹម អរហន្តទាំងនោះ មិនបានញាប់ញ័រ ដោយលោកធម៌ បានលះបង់នូវភពទាំងអស់ហើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៧។
[៤៥] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររីករាយក្នុងទីស្ងាត់ ត្រេកអរក្នុងទីស្ងាត់ ប្រកបរឿយៗនូវចេតោសមថៈក្នុងខាងក្នុង កុំសាបសូន្យចាកឈាន ប្រកបព្រមដោយវិបស្សនា ចំរើនសុញ្ញាគារស្ថាន។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ រីករាយក្នុងទីស្ងាត់ ត្រេកអរក្នុងទីស្ងាត់ ប្រកបរឿយៗនូវចេតោសមថៈក្នុងខាងក្នុង មិនសាបសូន្យចាកឈាន ប្រកបដោយវិបស្សនា ចំរើនសុញ្ញាគារស្ថានហើយ បណ្ដាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានប្រាកដ គឺបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់បានសម្រេចភាពជាអនាគាមី។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ID: 636865306688698529
ទៅកាន់ទំព័រ៖