ព្រះត្រៃបិដក ភាគ ៥៣
ឥតិវុត្តកៈ តិកនិបាត បឋមវគ្គ
[៥០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អកុសលមូលនេះ មាន ៣។ អកុសលមូល ៣ តើដូចម្ដេច។ គឺលោភៈ ជាអកុសលមូល ១ ទោសៈ ជាអកុសលមូល ១។ ម្នាលភិក្ខុទាំងឡាយ អកុសលមូលមាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
លោភៈ ទោសៈ មោហៈ ដែលកើតអំពីខ្លួន តែងបៀតបៀននូវបុរសមានចិត្តលាមក ដូចជាផ្លែឫស្សី តែងបៀតបៀននូវដើមរបស់វា។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
[៥១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធាតុនេះ មាន ៣។ ធាតុ ៣ តើដូចម្ដេច។ គឺ រូបធាតុ ១ អរូបធាតុ ១ និរោធធាតុ ១។ ម្នាលភិក្ខុទាំងឡាយ ធាតុមាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ជនទាំងឡាយណា កំណត់ដឹងក្នុងរូបធាតុ មិនតាំងនៅក្នុងអរូបធាតុ ចុះចិត្តស៊ប់ក្នុងនិរោធ ជនទាំងនោះ ឈ្មោះថា ញុំាងមច្ចុឲ្យសាបសូន្យ។
ID: 636865309198232066
ទៅកាន់ទំព័រ៖