ព្រះត្រៃបិដក ភាគ ៥៣

 [​៦៨​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​មិនបាន​លះ​រាគៈ​ ​មិនបាន​លះ​ទោសៈ​ ​មិនបាន​លះ​មោហៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​ជា​អ្នក​ត្រូវ​មារ​ចង​បាន​ផង​ ​ត្រូវ​អន្ទាក់មារ​បញ្ចូល​ហើយ​ផង​ ​ជា​អ្នក​ត្រូវ​មារ​មានចិត្ត​បាប​ធ្វើ​បាន​តាមប្រាថ្នា​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​បាន​លះ​រាគៈ​ ​លះ​ទោសៈ​ ​លះ​មោហៈ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​ជា​អ្នក​មិន​ត្រូវ​មារ​ចង​បាន​ផង​ ​អន្ទាក់​របស់​មារ​ក៏​ថ្លោះ​ចេញ​ផង​ ​មារ​មានចិត្ត​បាប​ធ្វើ​មិនបាន​តាមប្រាថ្នា​ផង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បុគ្គល​ណា​ ​ឃ្លាត​ចេញ​ចាក​រាគៈ​ផង​ ​ទោសៈ​ផង​ ​អវិជ្ជា​ផង​ ​ព្រះ​អរិយ​ទាំងឡាយ​ ​មាន​ព្រះពុទ្ធ​ជាដើម​ ​តែង​ហៅ​នូវ​បុគ្គល​អ្នកមាន​ខ្លួន​ចំរើន​ហើយ​ ​លះបង់​នូវ​កិលេស​ទាំងពួង​នោះ​ថា​ ​ជា​អរហន្ត​ ​ជា​ព្រហ្ម​ ​ជា​ព្រះ​តថាគត​ ​ជា​ព្រះពុទ្ធ​ ​អ្នក​កន្លង​បង់​នូវ​ពៀរ​ ​និង​ភ័យ​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៩​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636865315039866189
ទៅកាន់ទំព័រ៖