ព្រះត្រៃបិដក ភាគ ៥៣
បុរស មានវាចានាំឲ្យបានបាយដោយងាយ មានសេចក្ដីអនុគ្រោះសព្វសត្វ មានចិត្តរីករាយ តែងចាត់ចែង (ទេយ្យធម៌) ពោលថា អ្នកទាំងឡាយ ចូរឲ្យ អ្នកទាំងឡាយ ចូរឲ្យ ប្រៀបដូចមហាមេឃគ្រហឹមគម្រាម ហើយបង្អុរភ្លៀងចុះ ធ្វើទីទួល និងទីទាប បង្ហូរឲ្យពេញដោយទឹក យ៉ាងណាមិញ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានសភាពដូច្នោះ បានប្រមូលមកនូវទ្រព្យ ដែលកើតដោយសេចក្ដីព្យាយាមតាមផ្លូវធម៌ ក៏ជប់លៀង ពួកជនអ្នកពណ៌នាហើយសូម ដែលមកដល់ដោយល្អ ដោយបាយ ទឹក ក៏យ៉ាងនោះដែរ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី៦។
[៧៦] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតកាលប្រាថ្នាសេចក្ដីសុខ ៣ យ៉ាងនេះ គួរតែរក្សាសីល។ សេចក្ដីសុខ ៣ យ៉ាង តើដូចម្ដេចខ្លះ។ គឺ បណ្ឌិតគប្បីរក្សាសីល ដោយបំណងថា សូមឲ្យសេចក្ដីសរសើរ មកដល់អាត្មាអញ ១ បណ្ឌិតគប្បីរក្សាសីល ដោយបំណងថា សូមឲ្យភោគៈទាំងឡាយ កើតឡើងដល់អាត្មាអញ ១ បណ្ឌិតគប្បីរក្សាសីល ដោយបំណងថា អាត្មាអញ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតឯសុគតិ សួគ៌ ទេវលោក ១។
ID: 636865326667181233
ទៅកាន់ទំព័រ៖