ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ គង់នឹងប្រហែលគ្នា នឹងស្មើគ្នា ជាមួយនឹងពួកសត្វ ដោយធាតុដូចគ្នា ក្នុងអនាគតកាល គឺពួកសត្វដែលមានអធ្យាស្រ័យថោកទាប នឹងប្រហែលគ្នា នឹងស្មើគ្នា ជាមួយនឹងពួកសត្វ ដែលមានអធ្យាស្រ័យថោកទាប ពួកសត្វដែលមានអធ្យាស្រ័យល្អ នឹងប្រហែលគ្នា នឹងស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ សត្វទាំងឡាយ រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដោយធាតុដូចគ្នា ក្នុងបច្ចុប្បន្នកាល គឺពួកសត្វ ដែលមានអធ្យាស្រ័យថោកទាប រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាប ពួកសត្វដែលមានអធ្យាស្រ័យល្អ រមែងប្រហែលគ្នា ស្មើគ្នា ជាមួយនឹងពួកសត្វ ដែលមានអធ្យាស្រ័យល្អ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រៃ គឺកិលេស កើតឡើងហើយ ព្រោះតែការជាប់ចំពាក់ ដែលបុគ្គលនឹងកាត់ផ្ដាច់បាន ដោយការមិនជាប់ចំពាក់ បុគ្គលអ្នកមានប្រាថ្នានឹងឆ្លងមហាសមុទ្រ ហើយលិចទៅក្នុងមហាសមុទ្រវិញ ព្រោះតែឡើងកាន់ក្បូនឈើដ៏តូច យ៉ាងណាមិញ ឯបុគ្គលអ្នកចិញ្ចឹមជីវិតដោយប្រពៃ រមែងលិចចុះ ក្នុងមហាសមុទ្រ គឺសង្សារ ព្រោះតែអាស្រ័យនឹងបុគ្គលខ្ជិលច្រអូស យ៉ាងនោះដែរ។
ID: 636865327873270217
ទៅកាន់ទំព័រ៖