ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវសេចក្ដីក្រោធ ញុំាងចិត្តឲ្យនឿយណាយ លះបង់នូវសេចក្ដីក្រោធនោះបាន ទើបគួរដើម្បីនឹងអស់ទុក្ខ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សត្វទាំងឡាយ ក្រោធហើយ ព្រោះសេចក្ដីក្រោធណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹងដោយបញ្ញាដ៏ប្រពៃហើយ លះបង់សេចក្ដីក្រោធនោះ លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះទៀត ក្នុងកាលណាឡើយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
[១៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹងនូវសេចក្ដីលុបគុណ មិនញុំាងចិត្តឲ្យនឿយណាយ មិនលះបង់នូវសេចក្ដីលុបគុណនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវសេចក្ដីលុបគុណ ទាំងញុំាងចិត្តឲ្យនឿយណាយ លះបង់សេចក្ដីលុបគុណនោះបាន ទើបគួរដើម្បីនឹងអស់ទុក្ខ។ លុះព្រះមានព្រះភាគ សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ID: 636865270539340904
ទៅកាន់ទំព័រ៖