ព្រះត្រៃបិដក ភាគ ៥៣

ពួក​ភិក្ខុ​ណា​ ​ដែល​ជា​អ្ន​កញុំាង​គេ​ឲ្យ​ស្ងើច​ ​រឹងរូស​ ​រាក់ទាក់​ ​មាន​វាចា​ដូច​ស្នែង​ ​លើក​កំពស់​ ​មានចិត្ត​មិន​នឹងនួន​ ​ភិក្ខុ​ទាំងនោះ​ ​មិន​លូតលាស់​ក្នុង​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ឡើយ​។​ ​លុះតែ​ពួក​ភិក្ខុ​ណា​ ​មិនជា​អ្ន​កញុំាង​គេ​ឲ្យ​ស្ងើច​ ​មិន​រាក់ទាក់​ ​មាន​ប្រាជ្ញា​ ​មិន​រឹងរូស​ ​មានចិត្ត​នឹងនួន​ ​ភិក្ខុ​ទាំងនោះ​ ​ទើប​លូតលាស់​ ​ក្នុង​ធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​បាន​។​ ​សូត្រ​ ​ទី៩​។​

 [​១១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ត្រូវ​ខ្សែទឹក​ស្ទឹង​ ​បន្សាត់​ទៅ​ដោយ​ទាំង​វត្ថុជា​ទីស្រឡាញ់​ ​និង​វត្ថុជា​ទី​ត្រេកអរ​(​១​)​ ​បុរស​មាន​ចក្ខុ​ ​ឈរ​នៅ​ទៀប​ឆ្នេរ​ ​បានឃើញ​បុរស​នោះ​ហើយ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​ត្រូវ​ខ្សែទឹក​ស្ទឹង​បន្សាត់​ទៅ​ ​ដោយ​ទាំង​វត្ថុជា​ទីស្រឡាញ់​ ​និង​វត្ថុជា​ទី​ត្រេកអរ​ ​ក៏​ពិតមែនហើយ​ ​តែថា​ ​ក្នុង​ស្ទឹង​នេះ​ ​មាន​អន្លង់​នៅ​ខាងក្រោម​ដ៏​ប្រកបដោយ​រលក​ ​និង​ទឹកកួច​វឹល​ ​មាន​សត្វ​សាហាវ​ ​និង​អារក្សទឹក​ ​(​នៅចាំ​)​ ​នែ​បុរស​ដ៏​ចំរើន​ ​លុះ​អ្នក​អណ្ដែត​ដល់​អន្លង់​នោះ​ហើយ​ ​មុខ​ជា​ដល់​នូវ​សេចក្ដីស្លាប់​ ​ឬ​នូវ​ទុក្ខ​ស្ទើរ​ស្លាប់​មិនខាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​បុរស​នោះ​ ​បានឮ​សំឡេង​បុរស​នោះ​ហើយ​ ​ក៏​ព្យាយាម​ហែល​ដោយដៃ​ ​ដោយ​ជើង​ ​ច្រាសទឹក​មកវិញ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ឧបមា​នេះឯង​ ​តថាគត​ធ្វើ​ ​ដើម្បីឲ្យ​អ្នក​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​សេចក្ដី​។​ ​
​(​១​)​ ​វត្ថុ​ផ្សេង​ៗ​ ​មាន​ ​មាសប្រាក់​ជាដើម​ ​ដែល​ជាទីស្រឡាញ់​ ​ត្រេកអរ​របស់​ជន​ ​ហៅថា​ ​បិយ​រូប​ ​សាត​រូប​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636865454266509497
ទៅកាន់ទំព័រ៖