ព្រះត្រៃបិដក ភាគ ៥៣
ឥតិវុត្តកៈ ឯកនិបាត តតិយវគ្គ
[២១] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត កំណត់ដឹងចិត្តដោយចិត្ត ដឹងច្បាស់ បុគ្គលពួកខ្លះក្នុងលោកនេះ ដែលមានចិត្តជ្រះថ្លាហើយ យ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅក្នុងសម័យនេះ នឹងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក។ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តជ្រះថ្លា។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តជ្រះថ្លាយ៉ាងនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតឯសុគតិសួគ៌ទេវលោក។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ព្រះពុទ្ធទ្រង់ជ្រាបបុគ្គលពួកខ្លះ ដែលមានចិត្តជ្រះថ្លា ក្នុងលោកនេះ ទើបទ្រង់ព្យាករសេចក្ដីនុ៎ះ ក្នុងសំណាក់ភិក្ខុទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ នឹងទៅកើតក្នុងសុគតិ ព្រោះបុគ្គលនោះ មានចិត្តជ្រះថ្លា បុគ្គលបែបនោះ ដូចជាគេនាំយកទៅតម្កល់ទុក (ក្នុងសួគ៌) យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់សុគតិ ព្រោះហេតុតែមានចិត្តជ្រះថ្លា។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
ID: 636865273721672923
ទៅកាន់ទំព័រ៖