ព្រះត្រៃបិដក ភាគ ៥៣
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៦។
[២៧] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលបុគ្គលចែកឲ្យជាចំណែក ១៦ ៗ ដងឡើយ មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង។ ម្នាលភិក្ខុទាំងឡាយ ដូចពន្លឺពួកផ្កាយឯណានីមួយ ពន្លឺពួកផ្កាយទាំងអស់នោះ មិនដល់មួយចំណិតពន្លឺព្រះចន្រ្ទ ដែលបុគ្គលចែកជាចំណែក ១៦ ៗ ដងឡើយ ពន្លឺព្រះចន្រ្ទ តែងគ្របសង្កត់ពន្លឺផ្កាយទាំងអម្បាលនោះ ភ្លឺស្វាងរុងរឿង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុទាំងឡាយ ដែលឲ្យផលក្នុងបដិសន្ធិកាល និងបវត្តិកាលឯណានីមួយ បុញ្ញកិរិយាវត្ថុទាំងអស់នោះ មិនដល់មួយចំណិតនៃមេត្តាចេតោវិមុត្តិ ដែលចែកឲ្យជាចំណែក ១៦ ៗ ដង មេត្តាចេតោវិមុត្តិ តែងគ្របសង្កត់បុញ្ញកិរិយាវត្ថុទាំងនោះ ភ្លឺស្វាងរុងរឿង ក៏ដូច្នោះឯង។
ID: 636865275975841854
ទៅកាន់ទំព័រ៖