ព្រះត្រៃបិដក ភាគ ៥៣

 [​៣៤​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មិន​មាន​សេចក្ដី​ខ្លាច​បាប​ ​មិន​គួរ​ដើម្បី​ត្រាស់​ដឹង​ ​មិន​គួរ​ដើម្បី​រំលត់​ ​មិន​គួរ​ដើម្បី​បាន​នូវ​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្ដី​ខ្លាច​បាប​ ​ទើប​គួរ​ដើម្បី​ត្រាស់​ដឹង​ ​គួរ​ដើម្បី​រំលត់​ ​គួរ​ដើម្បី​បាន​នូវ​ធម៌​ជាទី​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
 ភិក្ខុ​ណា​ ​មិន​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មិន​មាន​សេចក្ដី​ខ្លាច​បាប​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​មាន​ព្យាយាម​ថោកថយ​ ​ច្រើន​ដោយ​ថីនមិទ្ធៈ​ ​មិន​មាន​សេចក្ដី​អៀនខ្មាស​ ​មិន​មាន​សេចក្ដី​អើពើ​ ​ភិក្ខុ​នោះ​ ​មិន​គួរ​ដើម្បី​បាន​នូវ​សេចក្ដី​ត្រាស់​ដឹង​ដ៏​ឧត្តម​ឡើយ​ ​ភិក្ខុ​ណា​ ​ជា​អ្នកមាន​ស្មារតី​ ​មាន​បញ្ញា​ជា​គ្រឿង​រក្សាខ្លួន​ ​មាន​ឈាន​ ​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្ដី​ខ្លាច​បាប​ ​មិន​ប្រមាទ​ ​ផ្ដាច់បង់​នូវ​គ្រឿង​ប្រកប​នៃជា​តិ​ជរា​បាន​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ដើម្បី​បាន​នូវ​សេចក្ដី​ត្រាស់​ដឹង​ដ៏​ឧត្តម​ ​ក្នុង​លោក​នេះ​។​
 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៧​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636865302065064072
ទៅកាន់ទំព័រ៖