ព្រះត្រៃបិដក ភាគ ៥៣
ឥតិវុត្តកៈ ទុកនិបាត ទុតិយវគ្គ
[៣៨] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ វិតក្កៈមាន ២ យ៉ាងគឺ ខេមវិតក្កៈ (វិតក្កៈប្រកបដោយករុណាជាដើម) ១ វិវេកវិតក្កៈ (វិតក្កៈប្រកបដោយវិវេក) ១ តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអ្នករីករាយក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរហើយក្នុងសេចក្ដីមិនព្យាបាទ ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគតនោះ ដែលជាអ្នករីករាយ ក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរក្នុងសេចក្ដីមិនព្យាបាទថា តថាគតមិនបានបៀតបៀនសត្វណាមួយ ដែលនៅតក់ស្លុត ឬដែលនឹងធឹង ដោយសេចក្ដីប្រព្រឹត្តិ (កាយប្រយោគ ឬវចីប្រយោគ) នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអ្នករីករាយក្នុងវិវេក ត្រេកអរក្នុងវិវេក ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង តែងផុសផុលឡើងជាច្រើន ចំពោះព្រះតថាគតនោះ ដែលជាអ្នករីករាយ ក្នុងវិវេក ត្រេកអរក្នុងវិវេកថា អកុសលនោះ តថាគតបានលះអស់ហើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គួររីករាយក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរក្នុងសេចក្ដីមិនព្យាបាទចុះ ម្នាលភិក្ខុទាំងឡាយ វិតក្កៈនេះឯង នឹងផុសផុលឡើងជាច្រើន ចំពោះអ្នកទាំងឡាយនោះ ដែលរីករាយក្នុងសេចក្ដីមិនព្យាបាទ ត្រេកអរក្នុងសេចក្ដីមិនព្យាបាទថា
ID: 636865303495745903
ទៅកាន់ទំព័រ៖