ព្រះត្រៃបិដក ភាគ ៥៣

 [​៤២​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ស​ ​២​ ​នេះ​ ​តែង​រក្សា​នូវ​លោក​។​ ​ធម៌​ស​ ​២​ ​តើ​ដូចម្ដេច​។​ ​គឺ​ហិរិ​ ​១​ ​ឱត្តប្បៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ធម៌​ស​ ​២​ ​នេះ​ ​មិន​គប្បី​រក្សា​នូវ​លោក​ទេ​ ​ពាក្យ​ថា​ ​មាតា​ក្ដី​ ​ម្ដាយមីង​ក្ដី​ ​ម្ដាយធំ​ក្ដី​ ​ប្រពន្ធ​របស់​អាចារ្យ​ក្ដី​ ​ប្រពន្ធ​របស់​គ្រូ​ក្ដី​ ​មិន​ប្រាកដ​ ​ក្នុង​លោក​នេះ​បាន​ឡើយ​ ​លោក​នឹង​ដល់​នូវ​ការ​ច្របូកច្របល់​គ្នា​ ​ដូចជា​សត្វ​ពពែ​ ​កែះ​ ​មាន់​ ​ជ្រូក​ ​ឆ្កែ​ ​និង​ចចក​ដូច្នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​តែ​ធម៌​ស​ ​២​ ​នេះ​ ​តែង​រក្សា​នូវ​លោក​ ​បាន​ជា​ពាក្យ​ថា​ ​មាតា​ក្ដី​ ​ម្ដាយមីង​ក្ដី​ ​ម្ដាយធំ​ក្ដី​ ​ប្រពន្ធ​របស់​អាចារ្យ​ក្ដី​ ​ប្រពន្ធ​របស់​គ្រូ​ក្ដី​ ​ទើប​ប្រាកដ​បាន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បើ​ហិរិ​ ​និង​ឱត្តប្បៈ​ ​មិន​មានដល់​សត្វ​ទាំងឡាយ​ណា​សព្វកាល​ទេ​ ​សត្វ​ទាំងឡាយ​នោះ​ ​ជា​អ្នក​ឃ្លាតចាក​ឫសគល់​នៃ​ធម៌​ស​ ​មានដំណើរ​ទៅកាន់​ជាតិ​ ​និង​មរណៈ​។​ ​ចំណែក​សត្វ​ទាំងឡាយ​ណា​ ​ដំ​កល់​ទុក​នូវ​ហិរិ​ ​និង​ឱត្តប្បៈ​ដោយ​ប្រពៃ​សព្វកាល​ ​សត្វ​ទាំងឡាយ​នោះ​ ​ជា​អ្នកមាន​ព្រហ្មចរិយៈ​ចំរើន​ហើយ​ ​ជា​អ្នក​ស្ងប់​ ​អស់​ភព​តទៅទៀត​ហើយ​។​

 ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636865305529942252
ទៅកាន់ទំព័រ៖