ព្រះត្រៃបិដក ភាគ ៥៣
[៤៣] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិដែលមិនកើត មិនមាន មិនបានធ្វើ ដែលបច្ច័យមិនតាក់តែងហើយ តែងមាន ម្នាលភិក្ខុទាំងឡាយ បើធម្មជាតដែលមិនកើត មិនមាន មិនធ្វើ ដែលបច្ច័យមិនតាក់តែង នឹងមិនបានមានហើយ ការរលាស់ចេញចាកធម្មជាត ដែលកើត ដែលមាន ដែលបានធ្វើ ដែលបច្ច័យតាក់តែង ក៏រមែងមិនប្រាកដក្នុងលោកនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែធម្មជាត ដែលមិនកើត មិនមាន មិនបានធ្វើ ដែលបច្ច័យមិនតាក់តែងហើយ តែងមាន បានជាការរលាស់ចេញចាកធម្មជាត ដែលកើត ដែលមាន ដែលបានធ្វើ ដែលបច្ច័យតាក់តែងហើយ ទើបប្រាកដឡើងបាន។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលមិនគួរត្រេកអរនឹងកាយនោះ ដែលកើត ដែលមាន ដែលកើតព្រម ដែលបានធ្វើ ដែលបច្ច័យតាក់តែងហើយ ជារបស់មិនទៀង ជារបស់ដែលជរា និងមរណៈតាក់តែងហើយ ជាទីនៅនៃរោគ ជារបស់ពុករលួយ មានអាហារ និងតណ្ហាជាប្រភព (ជាដែនកើត)
ID: 636865305772636133
ទៅកាន់ទំព័រ៖