ព្រះត្រៃបិដក ភាគ ៥៣
ឯព្រះនិព្វាន ជាគ្រឿងរលាស់ចេញនូវកាយនោះ ទើបជារបស់ស្ងប់ មិនជារបស់ប្រព្រឹត្តទៅតាមសេចក្ដីត្រិះរិះ ជារបស់ទៀង ជារបស់មិនកើត មិនកើតព្រម មិនមានសោក ប្រាសចាកសេចក្ដីត្រេកអរ ការរលត់នូវហេតុនៃទុក្ខទាំងឡាយ ការរម្ងាប់នូវសង្ខារ ជាគុណនាំមកនូវសេចក្ដីសុខ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៦។
[៤៤] ខ្ញុំបានស្ដាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ និព្វានធាតុនេះ មាន ២។ និព្វានធាតុ ២ តើដូចម្ដេច។ គឺសឧបាទិសេសនិព្វានធាតុ ១ អនុបាទិសេសនិព្វានធាតុ ១។ ម្នាលភិក្ខុទាំងឡាយ ចុះសឧបាទិសេសនិព្វានធាតុ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអរហន្តខីណាស្រព មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ ដោយលំដាប់ មានសំយោជនៈ ក្នុងភពអស់ហើយ ផុតស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ប៉ុន្តែឥន្រ្ទិយទាំង ៥ របស់អរហន្តខីណាស្រពនោះ តាំងនៅដដែល អរហន្តខីណាស្រពនោះ នៅសោយអារម្មណ៍ ដែលពេញចិត្ត និងមិនពេញចិត្ត សោយសុខ និងទុក្ខ ព្រោះឥន្រ្ទិយទាំង ៥ នោះ មិនមានសេចក្ដីថ្នាំងថ្នាក់ទេ។
ID: 636865306183709645
ទៅកាន់ទំព័រ៖