ព្រះត្រៃបិដក ភាគ ៥៣
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១១។
[៤៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ត្រូវទិដ្ឋិទាំង ២ រួបរឹតហើយ ពួក ១ រមែងជាប់នៅ ពួក ១ រមែងស្ទុះទៅ ចំណែកឯពួកបុគ្គលមានចក្ខុ រមែងឃើញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ រមែងជាប់នៅ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយ ជាអ្នករីករាយក្នុងភព ត្រេកអរក្នុងភព ស្រើបស្រាលក្នុងភព កាលតថាគតសំដែងធម៌ ដើម្បីរំលត់ភព ចិត្តរបស់ទេវតា និងមនុស្សទាំងឡាយនោះ ក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយពួក ១ រមែងជាប់នៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ទេវតា និងមនុស្សទាំងឡាយពួក ១ រមែងស្ទុះទៅ តើដូចម្ដេច។ ទេវតា និងមនុស្សទាំងឡាយពួក ១ កាលជិនឆ្អន់ នឿយណាយ ស្អប់ខ្ពើមភព រមែងត្រេកអរចំពោះការប្រាសចាកភពថា ម្នាលអ្នកដ៏ចំរើន បានឮថា អត្តភាពនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងដាច់សូន្យ វិនាសទៅ មិនកើតទៅក្នុងខាងមុខទៀត ព្រោះហេតុណា នេះជាធម្មជាត ស្ងប់រម្ងាប់ នេះជាធម្មជាតដ៏ឧត្តម នេះជាធម្មជាតដ៏ពិត
ID: 636865308102059369
ទៅកាន់ទំព័រ៖