ព្រះត្រៃបិដក ភាគ ៥៣
ព្រះសម្មាសម្ពុទ្ធ ដែលមិនមានអាសវៈ បានពាល់ត្រូវនូវអមតធាតុ ដែលមិនមានឧបធិ ដោយនាមកាយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលជាទីលះបង់ឧបធិ ទ្រង់សំដែងព្រះនិព្វាន ដែលមិនមានសោក មិនមានតម្រេក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
[៥២] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣។ វេទនា ៣ តើដូចម្ដេច។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនាមាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សាវ័កនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ មានសតិដឹងច្បាស់នូវវេទនាទាំងឡាយផង នូវទីកើតនៃវេទនាទាំងឡាយផង វេទនាទាំងនោះ រលត់ទៅក្នុងទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជាដំណើរទៅកាន់ទីអស់ទៅនៃវេទនាផង ភិក្ខុអស់តណ្ហា តែងបរិនិព្វាន ព្រោះអស់វេទនាទាំងឡាយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៣។
ID: 636865309596534848
ទៅកាន់ទំព័រ៖