ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ការស្វែងរកកាម ការស្វែងរកភព និងការស្វែងរកព្រហ្មចរិយៈ ដែលជាទីស្ទាបអង្អែល ថាជារបស់ពិត ជាទីតាំងនៃទិដ្ឋិ ជាទីដុះដាលនៃកិលេស ការស្វែងរករបស់ភិក្ខុអ្នកប្រាសចាកសេចក្ដីត្រេកអរទាំងពួង ផុតស្រឡះ ព្រោះអស់តណ្ហា បានលះបង់ហើយ ទាំងហេតុជាទីតាំងនៃទិដ្ឋិ ក៏បានដកចោលហើយ ភិក្ខុមិនមានសេចក្ដីប្រាថ្នា មិនមានសេចក្ដីងឿងឆ្ងល់ ព្រោះអស់ទៅនៃការស្វែងរកទាំងឡាយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៦។
[៥៦] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣។ អាសវៈ ៣ តើដូចម្ដេច។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនេះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
ID: 636865310633524160
ទៅកាន់ទំព័រ៖