ព្រះត្រៃបិដក ភាគ ៥៣
ឥតិវុត្តកៈ តិកនិបាត ទុតិយវគ្គ
[៦០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះ មាន ៣។ បុញ្ញកិរិយាវត្ថុ ៣ តើដូចម្ដេច។ គឺទានមយបុញ្ញកិរិយាវត្ថុ ១ សីលមយបុញ្ញកិរិយាវត្ថុ ១ ភាវនាមយបុញ្ញកិរិយាវត្ថុ ១។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
កុលបុត្រអ្នកប្រាថ្នាប្រយោជន៍ គួរសិក្សានូវបុណ្យ ដែលមានផលបរិបូណ៌ មានវិបាកជាសុខ គឺគួរចំរើនទានផង ការប្រព្រឹត្តិស្មើ គឺសីលផង មេត្តាចិត្តផង លុះចំរើនធម៌ទាំង ៣ នេះ ដែលមានអានិសង្សជាសុខហើយ រមែងចូលទៅកាន់លោក ដែលជាសុខ ឥតមានការបៀតបៀន។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី១។
[៦១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុនេះ មាន ៣។ ចក្ខុ ៣ តើដូចម្ដេច។ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១។
ID: 636865312444157723
ទៅកាន់ទំព័រ៖