ព្រះត្រៃបិដក ភាគ ៥៤
បុគ្គលមិនគប្បីសម្លាប់សត្វដោយខ្លួនឯង មិនគប្បីប្រើអ្នកដទៃឲ្យសម្លាប់ មិនគប្បីពេញចិត្តនឹងពួកជនដទៃដែលសម្លាប់ ពួកសត្វណា មានសន្តានចិត្តខ្ជាប់ខ្ជួនក្តី ពួកសត្វណា មានចិត្តតក់ស្លុតក្តី តែងមាននៅក្នុងលោក បុគ្គលគប្បីដាក់ចុះនូវអាជ្ញាក្នុងសត្វទាំងអស់នោះ។ លំដាប់ពីនោះ សាវ័កកាលដឹង គប្បីវៀរបង់នូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប្បីលួចយកទ្រព្យតិចតួច ក្នុងទីណាមួយឡើយ មិនគប្បីពេញចិត្តនឹងពួកជន ដែលលួចទ្រព្យគេឡើយ គប្បីវៀរបង់នូវទ្រព្យទាំងពួង ដែលគេមិនបានឲ្យ។ វិញ្ញូជន គួរវៀរបង់នូវអព្រហ្មចរិយៈ ដូចជាបុគ្គលវៀររណ្តៅរងើកភ្លើងកំពុងឆេះរន្ទាល កាលបើមិនអាចប្រព្រឹត្តព្រហ្មចរិយៈទេ ក៏កុំគប្បីប្រព្រឹត្តកន្លងនូវប្រពន្ធរបស់ជនដទៃ។ បុគ្គលណាមួយ ចូលទៅក្នុងរោងប្រជុំក្តី ចូលទៅក្នុងកណ្តាលបរិស័ទក្តី មិនគប្បីពោលពាក្យកុហកចំពោះជនណាមួយ មិនគប្បីឲ្យអ្នកដទៃនិយាយកុហក មិនគប្បីពេញចិត្តនឹងពួកជនដែលនិយាយកុហកឡើយ គប្បីវៀរនូវពាក្យមិនពិតទាំងពួង។
ID: 636865541425554709
ទៅកាន់ទំព័រ៖