ព្រះត្រៃបិដក ភាគ ៥៤
ព្រោះអ្នកប្រាជ្ញបានពោលនូវឧបោសថប្រកបដោយអង្គប្រាំបីនុ៎ះ ថាជាឧបោសថ ដែលព្រះពុទ្ធ ព្រះអង្គទ្រង់ដល់នូវទីបំផុតនៃទុក្ខ ប្រកាសហើយ។
ព្រោះហេតុនោះ ជនអ្នកមានចិត្តជ្រះថ្លា រក្សាហើយ នូវឧបោសថ ដែលប្រកបដោយអង្គប្រាំបី ឲ្យមានសភាពពេញលេញល្អ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិកបក្ខផង
(១) ។
ន័យមួយទៀត វិញ្ញូជនដែលបានរក្សាឧបោសថ អំពីព្រឹកហើយ គួរមានចិត្តជ្រះថ្លារីករាយ អង្គាសភិក្ខុសង្ឃដោយបាយ និងទឹកតាមសមគួរ។
វិញ្ញូជននោះ គួរចិញ្ចឹមមាតាបិតាដោយធម៌ គួរប្រកបជំនួញដែលប្រកបដោយធម៌ គ្រហស្ថអ្នកមិនប្រមាទ ប្រព្រឹត្តវត្តបែបនេះ រមែងទៅកើត ក្នុងពួកទេវតា ឈ្មោះថាសយម្បភា (ទេវតាមានពន្លឺផ្សាយចេញអំពីខ្លួន)។
ចប់ ធម្មិកសូត្រ ទី១៤។
ចប់ ចូឡវគ្គ ទី២។
(១) រវាង៥ខែ គឺតាំងពីខែអាសាធ ដល់ខែកត្តិក ហៅថា បាដិហារិកបក្ខ។ អដ្ឋកថា។
ID: 636865542085942481
ទៅកាន់ទំព័រ៖