ព្រះត្រៃបិដក ភាគ ៥៤
ពួកទូត ៣ នាក់ លុះបានឃើញហើយ ក៏ចូលទៅរកព្រះអង្គដែលទៅគង់ក្នុងទីនោះ ចំណែកទូតម្នាក់ បានមកក្រាបទូលស្តេចថា បពិត្រមហារាជ ភិក្ខុនោះ អង្គុយក្នុងញកភ្នំបណ្ឌវៈ បែរមុខទៅខាងកើត (ឥតរន្ធត់) ដូចខ្លាធំ គោឧសភៈ និងសីហៈ។ លុះព្រះមហាក្សត្រិយ៍ ទ្រង់ព្រះសណ្តាប់ពាក្យរាជទូតហើយ ទ្រង់ប្រញាប់រួសរាន់ យាងចេញទៅកាន់ភ្នំបណ្ឌវៈដោយព្រះរាជយានដ៏ប្រសើរ។ ព្រះមហាក្សត្រិយ៍នោះ លុះទ្រង់យាងផុតទីដែលទៅដោយយានហើយ ក៏ចុះចាកយាន ស្តេចចូលទៅដោយព្រះបាទ បានដល់ហើយ ក៏ចូលទៅរកព្រះពោធិសត្វ។ ព្រះរាជា ទ្រង់គង់ហើយ ទ្រង់ថ្លែងសំណេះសំណាល ដោយព្រះបន្ទូលគួររឭក លុះទ្រង់បញ្ចប់ព្រះបន្ទូលនោះហើយ ត្រាស់សេចក្តីនេះថា ខ្លួនលោកនៅកំពុងពេញវ័យ នៅក្មេង កំលោះជំទង់ ទើបកើតឡើងបានត្រឹមតែបឋមវ័យ នៅជំទង់បរិបូណ៌ដោយសម្បុរ និងកំពស់ ដូចជាមានជាតិជាក្សត្រិយ៍
ID: 636865543016805724
ទៅកាន់ទំព័រ៖