ព្រះត្រៃបិដក ភាគ ៥៤
កិលេសជាគ្រឿងជាប់ចំពាក់ទាំងឡាយ មិនមានដល់ព្រះតថាគតណា ព្រះតថាគតណា កន្លងផុតនូវកិលេសជាគ្រឿងជាប់ចំពាក់ កាលពួកសត្វជាប់ដោយមានះ ព្រះអង្គក៏មិនជាប់ដោយមានះ បានកំណត់ដឹងនូវទុក្ខ ព្រមទាំងខេត្តវត្ថុ គឺហេតុ និងបច្ច័យ ព្រះតថាគតនោះ ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។ ព្រះតថាគតណា មិនអាស្រ័យនូវសេចក្តីប្រាថ្នា ឃើញនូវព្រះនិព្វាន ជាធម៌ស្ងប់ស្ងាត់ ប្រព្រឹត្តកន្លងនូវមិច្ឆាទិដ្ឋិ ដែលជនឯទៀតគប្បីឲ្យដឹង ធម៌ទាំងឡាយណាមួយ ជាអារម្មណ៍ គឺជាបច្ច័យ មិនមានដល់ព្រះតថាគតណា ព្រះតថាគតនោះ ទើបគួរទទួលគ្រឿងបូជាឈ្មោះ បូរឡាសៈ។ ធម៌ទាំងឡាយ ទាំងខាងក្នុង និងខាងក្រៅមិនមាន ដែលព្រះតថាគតណា បានត្រាស់ដឹង កំចាត់បង់ហើយ ជាធម៌ដល់នូវកិរិយាតាំងនៅមិនបាន គឺថាមិនមាន ព្រះតថាគតនោះ ជាអ្នកមានចិត្តស្ងប់ មានចិត្តផុតស្រឡះ ព្រោះអស់ទៅនៃឧបាទាន ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។
ID: 636865547664011529
ទៅកាន់ទំព័រ៖