ព្រះត្រៃបិដក ភាគ ៥៤
ទើបខ្ញុំព្រះអង្គ បានដឹងសេចក្តីនុ៎ះ តាមពិត ធម៌ ព្រះអង្គ ទ្រង់ជ្រាបពិត យ៉ាងនោះហើយ។
(មាឃមាណព ក្រាបទូលថា) គ្រហស្ថ (ណា) ជាម្ចាស់ទាន អ្នកគួរគេសូមបាន ជាអ្នកត្រូវការដោយបុណ្យ ប្រាថ្នានូវបុណ្យ កាលឲ្យបាយ និងទឹក បូជាដល់ពួកជនដទៃ ក្នុងលោកនេះ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ ទ្រង់សំដែងប្រាប់នូវយញ្ញសម្បទា (របស់គ្រហស្ថនោះ) ដល់ខ្ញុំព្រះអង្គ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាឃៈ អ្នកចូរបូជាចុះ កាលដែលអ្នកបូជា ចូរញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងកាលទាំងពួង (ព្រោះ) គ្រឿងយ័ញ្ញ ជាអារម្មណ៍របស់អ្នកបូជា បុគ្គលដែលបានប្រតិស្ឋាន ក្នុងគ្រឿងយ័ញ្ញនុ៎ះហើយ រមែងលះបង់នូវទោសបាន លុះបុគ្គលនោះ ប្រាសចាករាគៈ បន្ទោបង់នូវទោសៈហើយ រមែងចំរើននូវមេត្តាចិត្ត មិនមានប្រមាណ ជាបុគ្គលមិនធ្វេសប្រហែសជានិច្ច អស់យប់ និងថ្ងៃ ផ្សាយនូវមេត្តាចិត្ត មិនមានប្រមាណ ក្នុងទិសទាំងពួង។
ID: 636865551079406878
ទៅកាន់ទំព័រ៖